About me

បំណងខ្ញុំ______________________________

ជម្រាបមិត្តអ្នកអាន តាមលំអានបានសន្មត់ ហេតុតែចិត្តអំណត់ ព្យាយាមហត់ញើសរហាម។

ខ្ញុំមានមិត្តមួយនាក់ ធ្លាប់ពឹងពាក់ឥតកោតខាម ច្រើនឆ្នាំមានវាតាម ចរច្បុលច្បាមគ្រប់ទិសា។

នោះគឺម៉ូតូខ្ញុំ សុំលោកអ៊ុំមានដុល្លា សព្វថ្ងៃឆ្ងាយរដ្ឋា ទៅកបការនៅស្រុកគេ។

ម៉ូតូខ្ញុំកញ្ចាស់ ខ្ញុំប្រើណាស់មិនទំនេរ វាគ្មានភ្លើងស៊ីផ្លេ ជួនគេជេរវាឈឺចិត្ត។

តែវាពូកែទ្រាំ កាន់តែមាំកើនកម្រិត ខ្ញុំនេះសែនអាណិត សៅរ៍អាទិត្យជូនវាដើរ។

ខ្លួនខ្ញុំអសមត្ថ ស្ទាវខ្វែងខ្វាត់វាគ្រាន់បើ ម៉ូតូវាចេះហើរ ខ្ញុំមិនស្មើហើរមិនរួច។

ឥឡូវចូលរឿងខ្ញុំ មើលសង្គមតាមបង្អួច ចេញពីចំណេះស្តួច គិតស្រេចរួចរករឿងថ្មី។

ហេតុនេះឆ្មក់ឱកាស តាមយុទ្ធសាស្ត្របានគិតគៃ ក្រែងលវាបានល្បី បញ្ចេញថ្វីតាមវិជ្ជា។

ណាបានរួមចំណែក ធ្វើបង្អែកជាតិប្រជា ខាងអីរឿងខាំគ្នា ខ្ញុំមិនជាឆ្កែឯណា។

មេចិត្តវាគិតជាតិ កូនចិត្តទៀតមានបញ្ហា ខ្លាចឆាប់ខើចសង្ខារ មិនទាន់ការស្គាល់រសផង។

(០៩.០៤.០៨)

ខ្ញុំឃើញគេបូមស៊ី មិនជាទីគាប់បំណង ចុងក្រោយកម្មតៃហោង អស់អ្នកផងមិនចងបុណ្យ។

ខ្ញុំឃើញឆ្កែខាំគ្នា ឃើញច្រើនគ្រារងាគ្រុន វាប្រឹងអស់ក្បាច់គុន ខ្លួនឃើញរន្ធចង្កូមដៅ។

អាចាញ់ខ្លាញ់លៀនធ្លែរ ឈឺត្អូញត្អែរត់ចេញក្រៅ អាឈ្នះម្ចាស់ហួចហៅ   អោយសាច់ឆៅស៊ីមួយឆ្អែត។

ខ្ញុំតែងមានប្រាថ្នា ចង់ផ្សះផ្សាដូចរឿងហេតុ ច្បាំងគ្នាស៊ីដូចប្រែត ឆ្កួតក្រឡែតខ្ញុំអើយខ្ញុំ។

វោហារថាដូចចេះ វាមិនខ្មេះល្ងីល្ងើងំ ជាក្មេងមិនរម្យទម សម្តីធំពុំស្គាល់ចាស់។

កុំជោរចំក្មេងនេះ ខំរៀនរិះរឿងច្រើនណាស់ អាងអីខ្លួនឯងចាស់ ដឹងមិនច្បាស់ចង់ឈ្នះក្មេង។

យាយតាអាចារ្យវត្ត ឈ្លោះគ្នាលាត់លះគគ្រេង ប្រើពាក្យមិនខ្មាស់ក្មេង ឈានបែកឆ្វេងវង្វេងស៊ុង។

ឆ្កួតស្រីល្បែងសុរា បារីម៉ាលុយជាប់ជុង បុណ្យស័ក្តិអំណាចផុង  ឆ្កួតគ្រូឆុងឆ្កួតលើសបី។

ឆ្កួតអីឆ្កួតតែគេ ខ្ញុំទំនេរគិតកាព្យថ្មី ស្តាប់ដែរពាក្យម្តាយស្តី  ស្វែងយល់ន័យល្អដាក់ខ្លួន។

ពុកម៉ែកុំទាន់ខឹង កូនខំប្រឹងឱ្យមាំមួន ដល់ពេលបួសសាងខ្លួន ឱ្យសមសួនសងគុណលោក។

(៣០.០៥.០៨)

ឥឡូវសុំបញ្ចប់ រឿងឡប់ៗកន្លងមក សល់រឿងល្អគគោក ខ្ញុំខំឈ្ងោកអង្គុយឆ្ងក់។

នៅមុខ Computer  ជួន Error ភ័យបះសក់ ខំ Type​ មួយស្របក់ ឯកសារ​ Blog មិនទាន់ Save។

ចៃដន្យខ្ញុំជាងមនុស្ស     ដោះរើរុះរកឡើងហេវ ចាប់ដោត Master, Slave ចំជា Brave មិនខ្លាចសោះ។

ហេតុតែខ្លួនចង់ដឹង ពុះពារប្រឹងគ្រប់ចន្លោះ ទាន់រូបនៅកម្លោះ កើតឆ្នាំថោះទំនាយល្អ។

សុំទោសសុំអួតសិន ថាខ្ញុំប៉ិនរករឿងភរ បើជឿតិចវីវរ ថាត្រាភរមិនគប្បី។

ថាអើបើត្រាភរ ត្រាមិនយក៍ឱ្យអស់អី មិនដូចគេដ៏ទៃ ភរអស់ដីយក៍អស់ស្រែ។

កាព្យឃ្លោងខ្ញុំធម្មតា ប្រើសាស្ត្រាមិនពូកែ បាលីមិនចេះប្រែ បើជេរម៉ែគឺបែកមាត់។

ខ្ញុំនេះសែនសាមញ្ញ គេស្រឡាញ់ចោមព័ន្ធព័ទ្ធ រាងរៅមិនសូវធាត់ មើលមុខមាត់សង្ហាដែរ។

សរុបឈប់បូបាច់ ពាក្យអស់សាច់មកហូរហែ គេឯងថាតាប៉ែ ក៏ប៉ុន្តែវាពីរោះ។

តើគួរឱ្យជឿទេ សួរតែគេទៅមកហួស គឺច្បាស់មិនស្គាល់ឈ្មោះ នោះក៏ព្រោះខ្ញុំល្បីពេក។

បំណងខ្ញុំមានពិត ថ្ងៃយប់គិតមិនសូវដេក ក៏ព្រោះអផ្សុកពេក ឆ្លៀតវែកញ៉ែកស្តារវប្បធម៌៕

(២៥.០៦.០៩)

4 Responses so far »

  1. 1

    KIMSRUN said,

    Dear Mr. Chetra,

    How are you? I think right now you migh be the year one student in some univeristies in Phnom Penh. May I know a bit about your study.

    Hope to share some idear related to our khmer society.

    From
    Kim Srun

  2. 2

    Bunlin said,

    អរគុណណាស់សម្រាប់ការបញ្ចេញជាមតិយោបល់នៅគេហទំព័រ របស់ខ្ញុំ។ សុខភាពល្អគ្រប់ពេលវេលា។

  3. 3

    cambomaths said,

    ពិត​ជាមាន​ទេពកោសល្យមែន!

  4. 4

    givetheart said,

    អា….​ពូកែតែងកំណាព្យណាស់។


Comment RSS · TrackBack URI

Say your words