Special News

សេន រ៉ានុត : អ្នកចម្រៀងដែលសម្ដេចតេជោសរសើរ

ដោយ : សិរី (ថ្ងៃទី 27 មិថុនា 2009)

ភ្នំពេញ: ក្នុងចំណោម​តារាចម្រៀង​ស្រករ​ក្រោយ​នាពេល​បច្ចុប្បន្ន មានតែ​តារាចម្រៀង សេន រ៉ា​នុត តែ​ម្នាក់​គត់ ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សរ​សើ​រថា ច្រៀង​បទ​ប្រពៃណី និង​បុរាណ​បាន​ពីរោះ មិន​ចាញ់​អ្នកចំរៀង​សម័យបុរាណ​ឡើយ ដូច្នេះ​គួរ​អ្នកចម្រៀង​ផ្សេងៗ​គួរតែ​យក​គំរូ​តាម​តារា​ចម្រៀង​រូសេន រ៉ានុតប​នេះ ។ ក្រោយ​មាន​ការសរសើរ​ពី​សម្ដេច​តេជោ ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​រូប​នេះ បាន​ហក់​ឡើង​មួយកម្រិត​ទៀត​ទាំង​នៅក្នុង និង​ក្រៅប្រទេស ហើយ​បើ​តាម​ការឲ្យដឹង ពេលនេះ​លោក ម៉ៅ អាយុទ្ធ បាន​និង​កំពុង​តែង​បទ​ច្រៀង​ត្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់ សម្ដេច​តេជោ ដើម្បី​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ច្រៀង ។

ចាប់កំណើត​ជាកូនពៅ​នៅ​ក្នុង​ចំណោម​បងប្អូន ៧ នាក់ របស់​គ្រួសារ​អ្នកមាន​ជីវភាព​មធ្យម​មួយ នៅលើ​ទឹកដី​ខេត្ត​បាត់ដំបង ដែល​ជា​ជង្រុក​ស្រូវ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា សេន រ៉ា​នុត ដែល​ឆ្នាំ​នេះ​មាន អាយុ ២៧ ឆ្នាំ បាន​និង​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ការចាប់អារម្មណ៍​ទៅលើ​ទឹកដម​សំនៀង​របស់​គេ ដែល​អាច​ច្រៀង​បាន​គ្រប់​ចង្វាក់​បទ​ភ្លេង ដូចជា​មនោសញ្ចេតនា កន្ទ្រឹ​ម ប្រពៃណី​ជា​ដើម ។ មុនពេល​ដែល​ឈាន​ដល់​ដំណាក់កាល​ដែល​ទទួល​ការចាប់អារម្មណ៍​ពី​ប្រជា​ពលរដ្ឋ​ ខ្មែរ​នេះ គេ​បាន​ហែឆ្លងកាត់​នូវ​ការតស៊ូ​ព្យាយាម​អស់​រយៈពេល​រាប់សិប​ឆ្នាំ​ឯណោះ ។ ជា​យុវជន​ដែល​មាន​រូបសម្បត្តិ​ស្រស់​សង្ហារ និង​មាន​សំលេង​ច្រៀង​ពីរោះ​ពី​ធម្មជាតិ គួបផ្សំ​នឹង​មាន​បំណង​ចង់​ក្លាយជា​អ្នកសិល្បៈ​មួយ​រូប​នោះ ក្រោយ​ពេល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ គេ​បាន​ដាក់ពាក្យ​ប្រឡង​ចូល​ធ្វើ​ជា​ប្រុស​ស្អាត​របស់​ក្រុមហ៊ុន Nestle ដោយ​លទ្ធផល​គេ​ជាប់​ចំណាត់ថ្នាក់​លេខ ១ ។

ច្រក​ហក់​ចូលទៅ​ក្នុង​ពិភព​សិល្បៈ​របស់ សេន រ៉ា​នុត ចាប់ផ្ដើម​នៅ​ពេល​ដែល​គេ​បាន​ជាប់​ជា​ម្ចាស់​ជ័យលាភី​របស់​ក្រុមហ៊ុន Nestle នោះ ។ ការងារ​សិល្បៈ​ដំបូង​របស់​គេ​ផ្ដើមឡើង​នៅ​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ​ ក្នុងឋានៈ​ជា​អ្នកចម្រៀង​ស្រករ​ក្រោយ​មួយ​រូប ប៉ុន្តែ​បន្ទាប់ពី​ប្រឡូក​នៅក្នុង​វិស័យ​ចម្រៀង​នេះ​មិនយូរប៉ុន្មាន គេ​ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​ដែល​មាន​ទស្សនិកជន​ចាប់អារម្មណ៍​ច្រើនឡើងៗ​ ពិសេស​យុវវ័យ ។ ក្នុងចំណោម​បទ​ចម្រៀង​ទាំងអស់​ដែល​គេ​បាន​ច្រៀង​ឲ្យ​រស្មី​ស្ទឹង​សង្កែ​មាន​ បទ​ចម្រៀង​ចំនួន​បី ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ ក្នុងនោះ​មាន​បទ ‹​កំផែង​វណ្ណៈ!​›  ‹​ខ្ញុំ​មាន​បេះដូង​ខ្មែរ​› និង​បទ ‹​ខ្ញុំ​ជា​នរណា​?› ។ ជា​បន្តបន្ទាប់​ក្រោយមក​គេ​បាន​ប្ដូរ​ទៅ​ផលិតកម្ម Nice Star និង​ទៅ​ផលិតកម្ម​មកពី​ក្រៅប្រទេស​របស់​លោក ម៉ៃ សាម៉េត​ រហូតមកដល់​សព្វថ្ងៃ ។

តាមរយៈ​ផលិតកម្ម​មកពី​ក្រៅ​ប្រទេស​ខាងលើ សេន រ៉ា​នុត បាន​ក្លាយ​ជា​តារាចម្រៀង​មួយរូប​ដែល​មាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ទៅ​រស់នៅ​ក្រៅប្រទេស ដោយសារ​បទ​ចម្រៀង​ដែល​គេ​ច្រៀង​ឲ្យ​ផលិតកម្ម​នេះ​សុទ្ធ មិនសូវ​មាន​លក់​នៅក្នុង​ប្រទេស​ទេ ច្រើន​តែ​នាំយក​ទៅ​លក់​នៅ​តាម​បណ្ដា​ប្រទេស​ដែល​សហគមន៍​ខ្មែរ​រស់នៅ ។ ដោយសារ​គេ​មាន​ការពេញនិយម​ពី​សំណាក់​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បែបនេះ មាន​អ្នក​ឧបត្ថម្ភ​តារាចម្រៀង និង​សម្ដែង​ខ្មែរ​ឲ្យទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​មួយចំនួន បាន​យក​គេ​ឲ្យទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ជា​ញយ​ដង​មក​ហើយ ហើយ​ប្រទេស​ដែល​គេ​ធ្លាប់​បាន​ទៅ​ច្រៀង​មាន បារាំង អូស្ត្រាលី កាណាដា ជាដើម ។ កាលពី​ថ្ងៃ​ទី ២៤ កុម្ភៈ ២០០៩ គេ​បាន​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​មួយលើកទៀត ដោយ​ចេញ​ទៅ​ច្រៀង​តែម្នាក់ឯង នៅតាម​រដ្ឋ​នានា​សរុប​ប្រមាណ ៤០ រដ្ឋ ឯណោះ ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​គួរឲ្យ​មោទនភាព ដោយសារ​ការ​ច្រៀង​របស់​គេ​បាន​ទទួល​ការស្វាគមន៍​ពី​អ្នក​ចូល​ទស្សនា​នៅ​ គ្រប់​រដ្ឋ​នោះ គេ​បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៩ មិថុនា ២០០៩ កន្លងទៅ ។

អំឡុង​ពេល​ដែល សេន រ៉ា​នុត ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​នោះ នៅក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពោល​សរសើរ​ពី​ចម្ងាយ ។ សម្ដេច​តេ​ជោបាន​ពោល​សរសើរគេនៅ​ថ្ងៃទី ៨ មីនា ២០០៩ ដែល​នៅ​ពេល​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សម្ដេច​សូម​សរសើរ​ទឹកដម​សំនៀង​របស់​តារាចម្រៀង សេន រ៉ា​នុត ដែល​ច្រៀង​បទ​ប្រពៃណី​បាន​ពីរោះ​មិន​ចាញ់​អ្នកចម្រៀង​បុរាណ​ឡើយ ។ សម្ដេច​តេជោ បានបញ្ជាក់​ថា នេះ​ជា​គំរូ​មួយ​ដែល​តារា​ចម្រៀង​សម័យ​ផ្សេងៗ​ទៀត​គួរ​រៀនសូត្រ​តាម ។ បទ​ចម្រៀង​លក្ខណៈ​ប្រពៃណី​ខ្មែរ​ដែល​សម្ដេច​តេជោ​កោតសរសើ​រ​ថា សេន រ៉ា​នុត ច្រៀង​ពីរោះ​នោះ​គឺ​បទ ‹​ដូច​ចុះ​ន​រក​› ចាប់តាំងពី​សម្ដេច​តេជោពោល​សរសើ​រ​មក​ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​រូប​ នេះ​បាន​ឡើង​មួយ​កម្រិត​ថែមទៀត ទាំង​ក្រៅ និង​ក្នុង​ប្រទេស ។

ប្រភព​ស្និទ្ធ​នឹង សេន រ៉ា​នុត មួយ​បាន​បង្ហើប​ឲ្យដឹងថា ពេលនេះ​លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ​បាន​និង​កំពុង​តែង​បទ​ចម្រៀង​មាន​លក្ខណៈ​ជា​ប្រពៃណី​ខ្មែរ ឲ្យ​ត្រូវតាម​ចំណង់​ចំណូលចិត្ត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដើម្បី​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ច្រៀង ៕

តារា​កំប្លែង​នាយ​ក្រិន​រៀបការ​នៅ​ក្រុងព្រះសីហនុ​ជាមួយ​កូនក្រមុំ​ស្រស់​សោភា​មកពី​ខេត្ត​កំពត

ដោយ : សមុទ្រ (ថ្ងៃទី 28 ឧសភា 2009)

ខេត្ត​ព្រះសីហនុ: តារា​កំប្លែង​មាឌតូច​ល្អិត​តឿ​ដ៏​មាន​ប្រជាប្រិយ​ឈ្មោះ ទេស សុជ​ន ហៅ​នាយ​ក្រិន បាន​ចូល​រោង​រៀប​មង្គលការ​នៅ​ថ្ងៃ​ទីនាយក្រិន ២៨ ឧសភា ឆ្នាំ​២០០៩ នេះ នៅឯ​ខេត្ត​ព្រះសីហនុ ។ កូនក្រមុំ​របស់​នាយ​ក្រិន គឺ​នាង​កញ្ញា​ស្រស់​សោភា​ម្នាក់​ក្នុង​ត្រកូល​កសិករ​នៅ​ខេត្ត​កំពត ។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៨ ឧសភា ឆ្នាំ​២០០៩ នេះ ក្រោម​ផ្ទៃមេឃ​ស្រឡះ​ល្អ​ដ៏​កម្រ​មាន​នៅ​ខេត្ត​ព្រះសីហនុ រដូវវស្សា​ដូច្នេះ​នោះ ភ្លេង​មង្គលការ​របស់​នាយ​ក្រិន​បាន​បន្លឺ​ឡើង​រសាត់​តាម​វាយោ​ចេញពី​ ផ្ទះសំណាក់​មួយ​យីហោ “ មាន​ហេង ” ដែល​មាន​ទីតាំងនៅ​តាម​ដង​វិថី​សេតេ ស្ថិតក្នុង​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ហាក់​ប្រកាសប្រាប់​អ្នក​ក្រុងព្រះសីហនុ​ថា នាយ​ក្រិន​តារា​កំប្លែង​ដែល​មាន​មាឌតូច​ល្អិត​ប្រកប​ដោយ​ប្រជាប្រិយ​ចូល​ រោងការ​មានគូស្រក​រហើយ ។ ក្នុង​ពិធី​រៀប​មង្គលការ​នាយ​ក្រិន​នេះ ក្រុម​កំប្លែង​លោក ជួង ជី ហៅ កុយ បាន​មក​ចូលរួម​ផ្ដល់​កិត្តិយស និង​ជូនពរ​ជ័យ​ដល់​កូន​កម្លោះ​កូនក្រមុំ​ទាំង​២ ហើយ​លោក ជួង ជី ហៅ កុយ និង​នាង​គ្រ​ត​ច្រៀង​រាំ​ក្នុង​ពិធីកាត់សក់​ផងដែរ ។ ក្រៅពីនោះ ក៏​មាន​ភ្ញៀវ​កិត្តិយស​ផ្សេង​ទៀត​ក៏​មក​ចូលរួម​ដ៏​ច្រើន​ផងដែរ ។

តាម​ការ​ប្រកូក​ប្រកាស​របស់​លោក​អាចារ្យ​នៃ​មង្គលការ​នេះ បានឲ្យដឹងថា នាយ​ក្រិន​មានឈ្មោះ​ដើម ទេស សុជ​ន កើត​នៅ​ថ្ងៃទី ៣ ខែ​មករា ឆ្នាំ​១៩៨០ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្លក្រាម ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​មុខរបរ​ជា​សិល្បករ​ផ្នែក​កំប្លែង ឪពុក​ឈ្មោះ ទេស ភឺន អាយុ ៦៧​ឆ្នាំ (​នៅរស់​) និង​ម្ដាយ​ឈ្មោះ ទេស សុខាំ អាយុ ៤២​ឆ្នាំ រស់នៅ​ឯ​ស្រុកកំណើត (​បាត់ដំបង​) ទាំងអស់គ្នា ។ រីឯ​កូនស្រី​ដែល​ត្រូវ​ចូល​រោងការ​ជាមួយ​នាយ​ក្រិន​នាពេល​នេះ​មានឈ្មោះ កញ្ញា ហិន ចាន់​ធៀង កើត​នៅ​ថ្ងៃទី ៥ ខែ​មេសា ឆ្នាំ​១៩៨៩ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​កោ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត មាន​មុខរបរ​ជាង​អ៊ុតសក់​នៅ​ស្រុកកំណើត ដោយ​មាន​ឪពុក​ឈ្មោះ សំ យ៉ើ​ន អាយុ ៤៩​ឆ្នាំ មុខរបរ​ជា​កសិករ នៅ​ភូមិ​តា​កោ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត និង​ម្ដាយ​ឈ្មោះ ឱន ចាន់​ឌី អាយុ ៤៧​ឆ្នាំ មាន​មុខរបរ​ជា​កសិក​រ នៅ​ស្រុកកំណើត​ជាមួយ​ប្ដី ។

មនុស្សម្នា​ច្រើន​នាក់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដង​វិថី​សេតេ ដែល​ពុំ​បានដឹង និង​ទទួល​ព័ត៌មាន​ថា នាយ​ក្រិន​រៀបការ​ប្រពន្ធ​នោះ ក៏​នាំគ្នា​ឈប់​មើល ហើយ​យក​ដៃ​រឺត​ទ្រូង ខណៈពេល​ដែល​ពួកគាត់​ឃើញ​នាយ​ក្រិន​កាន់​ផ្កាស្លា​ក្នុង​ក្បួន​ដង្ហែ​លើក​ ជំនូន (​ផ្លែឈើ​) ពេល​ព្រឹក​ព្រលឹម​ថ្ងៃទី ២៨ ខែ​ឧសភា នៅ​តាម​ដង​វិថី​សេតេ​នោះ ។ រី​ឯ​អ្នកខ្លះ​ទៀត​គេ​បាន​យក​រឿង​អាពាហ៍ពិពាហ៍ និង​គូ​ស្វាមី ភរិយា​នាយ​ក្រិន​នេះ ទៅ​និយាយ​ប្រៀប​ប្រដូច ក្នុង​រឿងនិទាន​ផ្សេងៗ​សើច​លេង​ទៅវិញ ។ តែ​ទោះបីជា​យ៉ានេះ​ក្ដី ក៏​មាន​មតិ​មួយចំនួន​បាន​កោតសរសើរ​ដល់​នាយ​ក្រិន​ថា ជា​មនុស្ស​មាន​សំណាង ព្រោះ​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​នាយ​ក្រិន​មាន​បណ្ដាញ​ផ្សព្វផ្សាយ​ ព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ចូលរួម​យ៉ាងច្រើន​ខុស​ពី​ពិធី​អាពាហ៍ពិពាហ៍​មនុស្ស​ធម្ម​តា ។

ស្ដ្រី​ម្នាក់​ស្ថិតនៅក្នុង​ក្រុមគ្រួសារ​របស់​នាយ​ក្រិន សុំ​មិន​ប្រាប់​ឈ្មោះ បានឲ្យដឹងថា ទោះបី​មាន​គេ​រិះគន់​ប្អូនប្រុស​នាង​បែប​ណា​ក្ដី ឬ​ក៏​ភាគី​ខាង​ស្រី​គេ​មានគំនិត​បែប​ណា​ទៅ​ថ្ងៃមុខ​ក្ដី ក៏​ក្រុម​គ្រួសារ​នាង​មិន​ខ្វាយខ្វល់​ដែរ គឺ​គាត់​ជឿ​លើ​ភ័ព្វព្រេង​វាសនា​ទេវតា​ជា​អ្នក​កំណត់​ទៅ​ថ្ងៃ​អនាគត​របស់​ ពួកគេ ប៉ុន្តែ​ពេល​នេះ គឺជា​បំណងប្រាថ្នា​តែមួយ​គត់​សម្រាប់​ក្រុមគ្រួសារ​របស់​គាត់ គឺ​បំពេញ​បំណង​របស់​ប្អូនប្រុស​គាត់​តែប៉ុណ្ណោះ ។

ស្ថិត​ក្នុង​រង្វង់​ទឹកមុខ​សប្បាយ​រីករាយ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ យ៉ាង​អធិកអធម​នេះ នាយ​ក្រិន (​ទេស សុជ​ន​) ដែរ​នឹង​ក្លាយ​ជា​ស្វាមី​របស់​គេ​នៅពេល​បនិ្ដចទៀតនេះ បាន​អះអាង​ទៅ​ចំពោះមុខ​អ្នកកាសែត និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​រៀបការ​នោះ​ថា “ ពួកគេ​នឹង​ប្ដូរផ្ដាច់​រួមរស់​ជាមួយគ្នា​អស់​មួយជីវិត ។

យើង​ក៏​សូម​ជូនពរ​ដល់​គូ​ស្វាមី​ភរិយា​របស់​នាយ​ក្រិន​ឲ្យ​ជួបប្រទះ តែ​សេចក្ដីសុខ​ដូច​ការ​អះអាង​នោះ​ផងដែរ ៕