My poems
ពិបាកចិត្តណាស់___________________________
មើលឃើញអ្នកផង សប្បាយអឺងកង ឫករាងហ៊ឹកហ៊ាក់ ម៉ូតូឡានថ្មី សាច់ខ្ចីត្រជាក់ ឬខ្ញុំខួររាក់ ច្រណែនគេណាស់។
កូនម៉ែទុកធ្ងន់ សូមប្រាប់ម៉ែមុន កូនសុំប្តូរផ្លាស់ រឿងនេះរឿងមួយ រឿងព្រួយរឿងខ្មាស់ ប្រាប់ម៉ែឱ្យច្បាស់ កូនចង់លក់កង់។
ធាក់កង់យូរហើយ ជួបទុក្ខឥតស្បើយ ពុំដូចចិត្តចង់ ជួនកើតបញ្ហា ខាតការត្រង់ៗ សូមម៉ែស្រោចស្រង់ ទុក្ខកូននេះម្តង។
កូនសុំម៉ូតូ ក្រែងញើសលែងហូរ លែងហត់នឿយផង លែងគេមាក់ងាយ កង់ធ្លាយបាក់ខ្នង ឈឺចាប់កន្លង ទាំងកាយទាំងចិត្ត។
ដូចបរិយាយ សូមម៉ែដោះស្រាយ កូនគួរអាណិត ផ្តល់ក្តីសង្ឃឹម ចិញ្ចឹមជីវិត ដូចគេឆ្ងាយជិត រស់រឹតរីករាយ។
បើគិតៗទៅ គិតឱ្យបានជ្រៅ នៅទុក្ខមួយលាយ ទុក្ខម៉ូតូថ្មី អ្វីៗមិនងាយ ក្រែងត្រូវចាយវាយ លើសកង់ទុរា។
បើកង់-ម៉ូតូ ផ្តល់ទុក្ខជន់ជោរ ហៀរហូរដូចគ្នា ធ្វើម្តេចនឹងបាន សុខសាន្តរម្យនា ខ្ញុំអើយវេទនា ពិបាកចិត្តណាស់៕
ម៉ែឃើញ…_____________________________
រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗ ដួងចិត្តស្រពោនរែងខ្វល់ខ្វាយ រកប្រាក់យប់ថ្ងៃទោះនឿយណាយ ទុក្ខឱ្យកូនចាយសប្បាយអរ។
ម៉ែឃើញកូនខុសខឹងហើយបាត់ ជេរស្តីម៉ាត់ៗចង់ឱ្យល្អ ម៉ែឃើញកូនតាមចិត្តត្រេកអរ ឃើញកូនភូតភរម៉ែភាំងភ័យ។
ម៉ែឃើញកូនស្អាតសង្វាតរៀន ឃើញកូនបានពានរង្វាន់ជ័យ ម៉ែមានអំនួតមុខមានន័យ រៀនឱ្យវាល្បីអញ្វឹងណា!។
ម៉ែឃើញក្មេងៗជំនាន់ក្រោយ បណ្តែតបណ្តោយលង់អាត្មា នឹកព្រួយកូនៗខ្វះវិចារណ៍ ទើបខំស្តីថាពន្យល់ប្រាប់។
ម៉ែឃើញពាក្យចាស់ច្រើនបានផល ឱ្យកូនចេះវាល់ថ្លឹងថ្លែងស្តាប់ ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់ ទុកជាក្បួនច្បាប់ល្អវិសិដ្ឋ។
ម៉ែឃើញកូនល្អអស់បារម្ភ ម៉ែឃើញកូនខំសប្បាយចិត្ត ម៉ែឃើញសរសើរកូនចេះគិត ម៉ែអរពេកពិតកូនរុងរឿង៕
គំនិតចាក់ព័ទ្ធ_____________________________
ពួកគំនិតប្លែកចម្លែកណាស់ តណ្ហាវាក្រាស់ក្រៃកន្លង ពួកចារពួកចាក់ព័ទ្ធរបង ពួកនេះបំណងលេបផែនដី។
ប្រាំងដល់វស្សាចម្ការស្រែ នៅរាល់ឆ្នាំខែគ្មានផលអ្វី ឃើញតែសសរឈើថ្មថ្មី ដាំដោតលើដីជាជួរជ្រោង។
ឆ្ងល់ដែរស្រែស្រូវមិនឃើញធ្វើ ទុកឥតអំពើមិនទំនង ពួកនេះវាខ្ចិលហួសយិតយោង វាមានគម្រោងដេកស៊ីស្រាប់។
វាចាក់ហើយព័ទ្ធៗហើយចាក់ អាងបុណ្យអាងស័ក្តិអាយលុយខាប់ វាច្បារវាច្បាមមិនយល់ច្បាប់ ដីភ្នំដីល្បាប់ចាប់យកអស់។
ពួកនេះពួកទ្មិល(ទមិឡ)គិតរឿងខ្លាញ់ វាស្វិតកំណាញ់គ្មានចន្លោះ អ្នកស្រែគ្មានដីដាំភ្ជួររាស់ វាអូសរឹបអស់អត់មេត្តា៕
ស្លាប់លើចុងឈើ___________________________
បើវេលាអាចត្រឡប់ក្រោយ បងមិនបណ្តោយឱ្យអូនឃ្លាត ឱបអូនមិនឱ្យតឹងចង្អៀត វិលមកម្តងទៀតបងអង្វរ។
បងពិតជាប្រុសព្រើលអប្រិយ សូមអូនប្រណីក្តីស្មោះសរ បងនៅរង់ចាំទាំងត្រដរ ចាំអូនបន្តនិស្ស័យស្នេហ៍។
តើអូនដឹងទេចិត្តរំពឹង ទាររកព្រលឹងរាល់ថ្ងៃខែ ចាំបាត់ស្ងាត់សូន្យស្រមោលស្នេហ៍ នឹកឥតល្ហើយល្ហែកែមិនបាន។
ពេលនេះប្រុសបងសៅហ្មងពេក បាយទឹកមិនស្រេកដេកមិនស្រាន្ត គិតទៅទិញស្រាផឹកកំសាន្ត លើកមិនប្រមាណឱ្យភ្លាំងភ្លេច។
បើអូនមិនវិលជាប្រាកដ បងសែនកម្សត់ហត់ដូចម្តេច គ្រឿងក្នុងហួតហែងប្រេះស្រាំខ្ទេច ជីវិតលង់លិចលឹបអសារ។
ចាបមួយវាទុំលើចុងឈើ កំពុងចាំមើល៍មនុស្សសង្ហារ ឥឡូវវាដល់អស់សង្ខារ ប្លែកអីសង្សារបាត់សូន្យឈឹង។
តើបងដូចវាដែរឬទេ? ចាំផ្លូវមាសមេទាំងទន្ទឹង ថ្ងៃណាក៏ស្ងាត់បាត់ដំណឹង ឱ!ស្រស់ព្រលឹងបងនឹកណាស់។
បើដូចចាបស្លាប់លើចុងឈើ តែបងចង់មើល៍អូនឱ្យច្បាស់ ជួបមុខម្តងទៀតឆ្លៀតប្រកាស ស្រឡាញ់អូនណាស់ផ្លាស់មិនបាន៕
នឹកសង្សារ______________________________
សង្សារអូនអើយអូននឹកណាស់ ថ្ងៃយប់ប្តូរផ្លាស់ប្លែងគ្មានឈប់ តែចិត្តអូនវិញនៅងុលងុប ទាញភួយដណ្តប់នឹកដល់បង។
រូបបត់បេះដូងអូនរក្សា តំណាងស្នេហាយើងទាំងសង អូនដាក់តាមខ្លួនជាប់រាល់ដង កាន់ក្តោបឱបផ្សងក្នុងឱរា។
អូនបានឃ្លាតកាយឆ្ងាយប្រុសបង នឹកគ្រាកន្លងផ្តងវាចារ បងកាន់ដៃអូនក្នុងសួនច្បារ កាច់ផ្កាសៀតសក់ឱ្យពុំងា។
ដើមដូងមាត់ព្រែកយ៉ាងម៉េចដែរ ទីយើងតែងតែណាត់ជួបគ្នា បងតែងកំណាព្យចាប់ឃ្លោងឃ្លា ស្មារបងអូនរាជាបង្អែក។
យើងមើលថ្ងៃលិចឯជើងភ្នំ រស្មីលឿងទុំទាំងទឹកព្រែក បងសម្លឹងអូនភ្នែកទល់ភ្នែក បងខ្នាញ់អូនពេកថើបមួយខ្សឺត។
អូនសែនភ័យអរអៀនណាស់បង ដង្ហើមនេះផងស្រាលភិតភឺត ចង់ឱ្យបងថើបអូនច្រើនខ្សឺត ព្រោះពេលមិនយឺតពន្យាដែរ។
ថ្ងៃឡើងយន្តហោះអូនបានលា ចិត្តអូនវេទនាទុក្ខឥតល្ហែ អូនទៅស្រុកគេតាមចិត្តម៉ែ អូនយំទាល់តែជោគកន្សែង។
ពេលណាក៏អូននៅតែនឹក សង្សារពន្លឹកកុំចម្បែង អូនតែងប្រាថ្នាបងនេះឯង ជាគូអូនស្វែងមួយជីវិត៕
ដំណើរកំសាន្តទៅប្រាសាទព្រះវិហារ__________________
ដំណើរទៅកាន់ព្រះវិហារ ចម្ងាយមិនជាជិតប៉ុន្មាន
ឆ្លងកាត់ស្ពានអូរព្រៃស្មសាន កង់ម៉ូតូឡានបរមួយពីរ។
ជិះក្នុងរថយន្តគន់ទេសភាព ព្រៃឈើខ្ពស់ទាបដុះមូលមីរ
ដល់កន្លែងបាយជិតម៉ោងពីរ ត្រង់ដីល្បីទីស្រុកតាម៉ុក។
អន្លង់វិលខ្ជិលទៅមុខទៀត ញាំស្វាយអាំងងៀតផ្ទាប់ប្រហុក
សម្លម្ជូរឆាទឹកក្រឡុក ថែមនំបញ្ចុកឆ្ងាញ់ជាប់ថ្នាក់ ។
បន្តដំណើរជិតពីរម៉ោង ដីក៏ហុយផ្អោងព្រោះទើបចាក់
កងវិស្វកម្មខំសស្រាក់ ឈូសឆាយលើកដាក់ចាក់គ្រឹះស្ពាន។
ស៊ីពេលប្រាំម៉ោងពីអូរញរ ដល់ដែនវឹកវរសៀមឈ្លានពាន
បងប្អូនយោធាឈរស្រេកឃ្លាន កំពុងជីកលានដ្ឋានយុទ្ធសាស្រ្ត។
២៣ ធ្នូ ២០០៨ មកដល់ទឹកដីភ្នំស្អេកស្កះ
ភ្នំដងរែករាយលើភូមិសាស្រ្ត កំពូលខ្ពស់ណាស់ពពកពូន ។
រសៀលជ្រាលជ្រេថ្ងៃរេទាប គិតរួចប្រុងប្រៀបស្អែកត្រៀមខ្លួន
ជួលឡានឡើងភ្នំកម្លាំងមួន ស្លៀកពាក់ហំហួនទៅទាន់ព្រឹក។
រាត្រីគេងក្នុងផ្ទះសំណាក់ ដួងចិត្តអួលអាក់ជ្រួលកក្អឹក
អាណិតយុទ្ធជនជាពន្លឹក កណ្តាលព្រៃព្រឹកតើយ៉ាងណា។
តើមានម៉ុងភួយគ្រាន់ដែរទេ ព្រោះបានលឺគេនិយាយថា
អំណោយបានជួយតាមឃោសនា មិនដល់ឡើយណាដៃយុទ្ធមិត្ត។
ខ្យល់អើយៗខ្យល់ប៉ះបង្អួច សូរដូចគេហួចពីរោះពិត
ដង្ហើមចាំខ្យល់ផ្តល់ជីវិត ក្នុងភពងងឹតពុំយល់អ្វី។…
ឈឺចាប់មួយសប្តាហ៍_________________________
ច័ន្ទចាប់ជួបមុខស្រីមាសស្នេហ៍ ចិត្តបងស្រាប់តែប្រែស្នេហា លួចស្នេហ៍លួចស្និទ្ធស្រស់ជីវា តឹងណែនឱរាស្ទើរធ្លាយប្រេះ។
អង្គារ មិនគួរកិតសារភាព សង្ឃឹមមានលាភពៅគ្មានលែស បានត្រឹមញញឹមបងកកស្លេស្ម ចិត្តអើយរោឆេះរលេះផ្សា។
ពុធពាំនាំពាក្យពិតស្នេហ៍ស្រី តែស្រស់ប្រិមប្រិយប្រាយប្រាប់ថា ពៅមិនទំនេរផ្ទេរស្នេហា ព្រោះមានសង្សារម្ចាស់ចិត្តពៅ។
ព្រហស្បតិ៍្ត ប្រុសហប់ថប់ពេញទ្រូង ទេវតាអើយរូងភ្នែកខ្ញុំទៅ អូនកាន់ដៃគ្នាដើរតាមផ្លូវ ចិត្តស្រីឃោរឃៅឫស្យាពិត។
សុក្រ បងស្លភ្នែកឃើញដៃស្រី ខ្សែក្រហមនៃឆ្អៅឆ្អិនឆ្អិត អូនភ្ជាប់ពាក្យយូរហើយវមិត្រ ឱ្យបងខូចចិត្តត្បិតស្នេហា។
សៅរ៍ សែនគ្មានសុខទុក្ខមកទៀត ដូចកាំបិទស្នៀតចាក់ឱរា អូនបានជូនបងនូវធៀបការ ស្អែកកន្និដ្ឋារៀបការហើយ។
អាទិត្យ បងឮភ្លេងប្រគំ ណែនទ្រូងពួនយំស្រែកដង្ហោយ ទឹកភ្នែកហូរស្រក់ជោគជាំខ្នើយ បងឈឺឥតស្បើយស្រីសប្បាយ៕
អាល័យអាឡោះ___________________________
ឱ!ល្មុតអំពៅ ខ្ញុំឃ្លាតឆ្ងាយទៅ ខាននៅមើលថែ ដាក់ជីស្រោចទឹក ល្ងាចព្រឹកឆ្នាំខែ តើស្រែកត្អូញត្អែ ទួញយំប៉ុណ្ណា ។
ម្លប់ដូងដើមស្វាយ ធ្លាប់សម្រាកកាយ ពេលកើតទុក្ខា ស្តាប់សម្លេងចាប ច្រៀងខាបខ្ញៀវខ្ញា អារម្មណ៍កាមា ឱ្យគេងលង់លក់ ។
ត្នោតអំពិលទឹក នឹកឡើងស្ទើរភ្លឹក កាលបេះផ្លែភ្លក្ស មានរស់ជាតិឆ្ងាញ់ ចម្រាញ់ជញ្ជក់ សសើរក្បាលងក់ គួរឱ្យចង់ឆី ។
ទៀបក្រូចសេដា ត្របែកពុទ្រា ពីងពង់ឫស្សី ចេកថ្កូវច្រើនណាស់ ដេរដាសពេញដី ឥឡូវអស់ន័យ ខាននៅគាំពារ ។
ព្រលិតរំចង់ ឈូករីករហង់ លើផ្ទៃគង្គារ វាយោផាត់ផាយ រេកាយរាំរា សម្រស់សោភា ដិតជាប់បេះដូង ។
ត្រកួនកញ្ឆែត វៀរដុះអណ្តែត នៅក្នុងអណ្តូងស្រស់ខ្ចីល្វក់ល្វន់ ទេរទន់គ្រប់ទង លោតចុះក្តិចប្រូង ធ្វើអន្លក់ម្ហូប ។
នឹកដល់វាលស្រែ ដើមស្រូវហូរហែ ទំដោយកណ្តូប កួរស្រូវបាក់់ក រ៉េរ៉ដេកពោប ក្លែបក្លិនក្រអូប ផាយផាត់ក្រោមខ្យល់ ។
ទឹកបឹងប្រឡាយ ងូតសម្អាតកាយ ឱ្យអស់កង្វល់ ដងដឹកមកប្រើ ស្រោចលើភោគផល ទៀងទាត់ដិតដល់ ផលល្អផ្លែផ្កា ។
គោក្របីឆ្មា ឆ្កែជ្រូកមាន់ទា នឹកនាប៉ុណ្ណា ធ្លាប់នៅថ្នមថ្នាក់ ថែដាក់អាហារ សំបូរត្រៀបត្រា មិនឱ្យល្ហិតល្ហៃ ។
តាមផ្លូវដិតដាន ធ្លាគេហដ្ឋាន រត់លេងរាល់ថ្ងៃ បងប្អូនមិត្តភ័ក្តិ ពួនលាក់ប្រញ៉ៃ សប្បាយពេកក្រៃ ភូមិកំណើតខ្ញុំ ។
នៅជុំពុកម៉ែ ជួយរំលែកថែ ការងារតូចធំ រែកទឹកកាប់អុស កូនប្រុសរមទម្យ ពេលនេះចាកពុំ បានតបស្នងគុណ ៕
ខ្មែរត្រូវថែកេរ____________________________
ស្មារតីកូនខ្មែរ តាំងចិត្តកូនម៉ែ កម្លាំងកូនឪ រួបរួមសាមគា ការពារលំនៅ កម្ចាត់សត្រូវ កុំនៅអល់អែក។
ដៃកាន់អាវុធ តាំងចិត្តមោះមុត វាយលត់ពួកក្អែក កាប់គាស់ចូងចាំង ខ្លាំងដូចជាដែក នាំគ្នាបំបែក ខ្មាំងជាជំរាក។
សូត្រមន្តអាគម លោកគ្រូចារផ្លុំ បាលីគ្រប់ពាក្យ ព្រលឹងដូនតា មហាគុននាគ សណ្ឋិតកិតកៀក ការពារកូនចៅ។
ដីកេរម្លប់ត្នោត ខ្មែរមិនត្រូវឆោត ឱ្យយួនសៀមនៅ វាយយកមកវិញ ទាំងត្រជាក់ក្តៅ អាចោរថ្លើមខ្មៅ ត្រូវតែអន្តរាយ។
ដីខ្មែរៗម្ចាស់ អាទមិឡគ្មានសាសន៍ ត្រូវតែខ្វាត់ខ្ចាយ កុំចង់ឈ្លានពាន ខ្មែរហ៊ានបង់កាយ ជីវិតមិនស្តាយ ថែកេរដូនតា។
ខ្មែរត្រូវស្រួលស្រុះ នាំគ្នាដាំដុះ គំនិតស្នេហា ទឹកដីព្រៃភ្នំ ប្រាសាទសិលា ជាតិនិងសាសនា ព្រះមហាក្សត្រ៕
03,07,09
គេបោកធ្លាប់ទេ________________
ប្រុសស្នេហ៍ៗ ហេតុអ្វីបងប្រែ ភ្លេចស្នេហ៍កម្សត់ គ្រាលួងលោមអូន ថាបងមិនក្បត់ ពេលនេះសម្បថ អស់ខ្លឹមសារហើយ ។
ដឹងទេថាអូន ស្ទើរតែស្លាប់សូន ព្រោះស្នេហ៍ត្រើនត្រើយ ស្តាយខ្លួនលះបង់ ឥតមានន័យឡើយ អូនស្មានខុសហើយ សុភាពបុរស ។
បេះដូងនារី មិនធ្លាប់មានពីរ បូជាទាំងអស់ សុំប្តូរតែម្យ៉ាង គឺស្នេហាស្មោះ បែររលាយខ្សោះ ធ្លាក់ខ្លួនយំសោក ។
តើបងដឹងទេ តើបងឈឺទេ ត្រូវគេឆបោក បងឈឺប៉ុណ្ណា សូមបងឆ្លើយមក ជាស្រីត្រូវក្រោក តតាំងយ៉ាងណា ។
06.06.09
កុលាបរោយ__________________
គ្រាមុនកុលាបមានសម្រស់ គេតាមស្ម័គ្រស្មោះប៉ងកាច់យក
លុះផ្កាអស់ក្លិនគ្មានគេរក ដូចទឹករលកបោកលើខ្សាច់ ។
កុលាបរោយហើយហើរតាមខ្យល់ រសាត់មកដល់ដែនឆ្ងាយដាច់
គាប់ជួនដំណើរថ្មើរត្រងត្រាច់ យកមកបមបាច់បីរក្សា ។
ឥឡូវកុលាបរស់វិញហើយ ល្អគួរកៀកកើយរួមស្នេហា
អង្អែលលួងលោមដោយវាចារ ស្រោចស្រង់បុប្ផាឱ្យផូរផង់ ។
06.06.09
ប៉ះស្រីយួន___________________
នាមាត់ទន្លេម៉ោងប្រាំមួយ ជាមួយយានយន្តម៉ាកល្បីៗ
ខ្ញុំគេសុទ្ធតែយុវវ័យ ប្រុសស្រីកកកុញមាត់អឺងកង ។
អ្នកខ្លះអត់គូរអ៊ូខ្សឹប ចេញវ៉ឹបតាមញ៉ែក្បែររបង
អ្នកខ្លះគូគេដឹកត្រសង អូនបងមិនដាច់មានហូរហែ ។
ចំណែកខ្ញុំវិញចេញតាមគេ ទំនេរដួងចិត្តគិតមានស្នេហ៍
ឃើញស្រីម្នាក់នោះគួរសមដែរ តាមញ៉ែជាប់ៗជិតសង្ឃឹម ។
លេងមុខចាយរាងដៀងយូរៗ ខ្ញុំស៊ូតាមកៀងដូចកូនក្រឹម
សាច់ឈាមអាស៊ីប៉ែកបស្ចឹម ញញឹមញយៗចង់ញ៉ាក់សាច់ ។
សួស្តីស្រីស្អាតស្រស់ហ្មត់ហ្មង រូបបងខំតាមមិនឱ្យដាច់
ចង់ដឹងសាសន៍អីពៅបណ្តាច់ ទើបសាច់ឈាមស្រីខ្ចីល្អម៉្លេះ ។
នាងឆ្លើយមកវិញមិនចំខ្មែរ កូរ៉េ ឬក៏បារាំងសេស
ប៉ៃឡាំៗដូចយ៉ាងចែស នាងចេះវៀតណាមពេញទាំងខ្លួន ។
អ៊ីយ៉ូយៗ!លាសិនហើយ មិនឡើយសមសោះប៉ះស្រីយួន
ចំអាស៊ីមែនរាងដូចនួន ស្រីយួនខ្លួនខ្ញុំសុំថយហើយ ។
07.06.09
ស្នេហ៍យើង__________________
ស្នេហ៍បងនិងអូន មិនចេះសាបសូន្យ មាំដូចថ្មដារ
បងជាពពក អូនជាវេហាស៍ អូនជាបុប្ផា
អូនជាសន្សើម ។
ស្នេហ៍យើងធំធេង យើងមិនវង្វេង នៅស្មោះដូចដើម
ដូចកូនរុក្ខជាតិ ដុះលើដីសើម ពន្លកចាប់ផ្តើម
បែកត្រូយសាខា។
អូនដូចជាម្លប់ បងហេវហត់ឈប់ គេចផ្សែងសូរិយា
កំបាំងលាក់ពួន ក្នុងសួនស្នេហា សូមព្រះមេត្តា
ចាររឿងយើងផង ។
08-06.09
ទល់ផ្អក_____________________
វ័យ១៦ព្រួយអនេក ឃើញស្រីខុសប្លែកពីនៅក្មេង
ប្តូរទាំងឫកពានិងសម្លេង ដំណើរគ្រលេងគ្រលុកផ្លូវ ។
កាលវ័យកុមារសែនក្រមិច ភ្លៀងស្រក់ស្រិចៗទឹកដក់នៅ
នាំគ្នារត់លេងរើសផ្លែថ្កូវ គប់គ្នាបើត្រូវយំក្តែងៗ ។
ស្រណោះសត្វហ៊ីងស៊ីមេភ្លៀង កាលណោះស្រីកៀងដាក់កញ្ច្រែង
ស្រវាដៃចាប់មិនមានល្អែង ឥឡូវឃើញក្រែងរអើមព្រឺ ។
ខុសអីសម្តីប្លែកស្រីគេ ពូកែណាស់ជេរគេដងឌឺ
ប្រុសៗណាហ៊ានច្បាស់ជាឈឺ មហាជម្ងឺបេះដូងលោត ។
ថ្ងៃមួយបងលួចលបមើលស្រី នៅលើដើមជ្រៃក្រឹមរហូត
ឃើញស្រីបួងសក់សរសៃពោត ទាញច្បូតៗមុខកញ្ចក់ ។
ឃើញអូនតែងខ្លួនពួនភ្នែកគេ រម្យទមម៉្លេះទេស្រីច្រម៉ក់
ភ្លេចបងឬនៅមនុស្សអាក្រក់ ជាពាក្យអូនកក់អនុស្សារ ។
កុំភ្លេចគ្រាក្មេងប្រលែងស្និទ្ធ ឥឡូវកុំគិតគេចទៅណា
បងចង់បានអូនរួមវាសនា ដូចវ័យកុមារណាព្រលឹង។
ស្រមៃភ្លេចខ្លួនជួនមែកជ្រៃ ទើបតែលាស់ថ្មីមិនមាំរឹង
ធ្លាក់ចុះដល់ដីបាត់មាត់ឈឹង ស្រដូកខ្លួងថ្មឹងព្រោះទល់ផ្អក។
ផ្អើលអូនចេញមើលទាំងហេតុឆ្ងល់ ពេលដើរមកដល់គ្រហឹមក្អក
នែ៎ ស្វា លលាមខ្លួនស្រមក ហក់លោតធ្លាក់ខកស្រួលខ្លួនទេ? ។
18.08-09
3 Responses so far
Comments are closed.
ថាច់ ប្រីជាគឿន said,
April 22, 2008 @ 6:35 pm
អស្ចារ្យមែនទែនប្លក់នេះ សូមសរសើរដោយស្មោះអស់ពីចិត្ត។
khmerson said,
April 23, 2008 @ 2:06 am
Thanks you
Hean Padhi (mindel khlaach) said,
August 14, 2008 @ 12:56 am
Mr. Chetra, you have good idea. I know you love the nation and I realize that you wish to change the current leader. Any how it will be impossible. Why? This is because the ruling group are very powerful, wealthy and potential that allow them easily control the majarity of the Cambodians, mainly the poors in the remote. They know exacltly the way to win the election even its process is fraud and unfair. They don’t care about the complaints or the refuse of the nationalists.
Therefore, if you want to change any leader, you need to appea for all the nationalists to be in a strong coalition within a right policy, and never betray each other. I strongly expect that unless they don’t love each other, they cannot change the leader. The coalition cannot be done after the election in fact, but before!!! I would say all the current opposition parties are really stupid and crazy!!! They are not nationalists!
Hean Padhi, a Nationalist